ធម៌ដែលគួររលឹកដល់គ្នាក្នុងគ្រាប្រេះឆា

សាមគ្គីជាដែនកើតនៃសេចក្តីសម្រេចទាំងពួង ជាដែនកម្លាំងខ្លាំងដែលអាចកសាងសេចក្តីចម្រើនលូតលាស់ និង​ ស្ថេរភាពឲ្យកើតឡើងបាន ទាំងជាគោលការណ៍ដែលរាល់សមាជិកក្នុងសង្គមគប្បីឈ្វេងយល់ យកចិត្តទុកដាក់ និង សហការគ្នាកសាងឲ្យកើតឡើង ។
ក្នុងព្រះពុទ្ធសាសនាដែលយើងគោរពបូជានោះ ព្រះសម្ពុទ្ធដែលជាស្ថាបនិកនៃសាសនានេះបានត្រាស់គោលធម៌ជាគ្រឿងត្រួសត្រាយផ្លូវនាំឲ្យកើត​សារាណីយធម៌ បានដល់ គោលធម៌ដែលជាទីតាំងនៃការរលឹកដាស់តឿនគ្នា ។
សាមគ្គីភាព ៦ យ៉ាង ហៅថា 
សារាណីយធម៌នេះជាគោលធម៌ដែលជួយសាងចេតនាល្អចំពោះគ្នានិងគ្នាបានក្នុងគ្រាប្រេះឆា ដើម្បីផ្សាភ្ជាប់សាមគ្គីភាពឡើងវិញ ។
បើសង្គមណាត្រូវការស្ថាបនាសាមគ្គីភាពឲ្យកើតឡើង សង្គមនោះគប្បីប្រើសារាណីយធម៌នេះដើម្បីបង្រួបបង្រួមផ្សះផ្សាគ្នា ។
គោលធម៌ ៦ ប្រការនោះ គឺ
  1. មេត្តាមនោកម្ម បានដល់ គិតល្អ សំឡឹងមើលគ្នាក្នុងផ្លូវល្អ មានចេតនាល្អ និង​បំណងល្អចំពោះគ្នា ស្រឡាញ់រាប់អានគ្នា គិតជួយស្ថាបនាគ្នា មិនច្រណែនឫស្យាគ្នា មិនគិតដោយអគតិចំពោះគ្នា មិនគិតព្យាបាទគ្នា មិនខឹងគ្នា​ ចេះឲ្យឱកាសនិងឲ្យអភ័យទោសចំពោះគ្នាជានិច្ច ។
  2. មេត្តាវចីកម្ម បានដល់ និយាយល្អចំពោះគ្នា និយាយគ្នាដោយសេចក្តីស្រឡាញ់រាប់អាន ចេះប្រើសំដីឲ្យកម្លាំងចិត្តគ្នាក្នុង​គ្រាដែល​មិត្រ​ណាមួយ​ជួបសេចក្តីទុក្ខលំបាក កំហកបំណង ឬ សំណោកសោកសង្រេង មិននិយាយជាន់ថែម ឬ មិននិយាយដើមទាំង​ប្រទល់មុខនិង​កំបាំង​មុខ  និយាយណែនាំក្នុងផ្លូវល្អ និង មានប្រយោជន៍ ​ធ្វើតាមពាក្យដែលនិយាយ មិនកុហកបោកប្រាស់ ។
  3. មេត្តាកាយកម្ម បានដល់ ធ្វើល្អចំពោះគ្នា ជ្រោមជ្រែងគ្នាខាងកម្លាំងទ្រព្យ ឬ កម្លាំងកាយ មានសេចក្តីឱនលំទោនចំពោះគ្នា ចេះគោរពគ្នា មិនបៀតបៀនគ្នា​  មិនធ្វើបាបគ្នា ​ធ្វើល្អចំពោះគ្នារហូត ។
  4. សាធារណភោគី បានដល់ ការចែករំលែកភោគផលដល់គ្នាដោយយុត្តិធម៌ ជួយអនុគ្រោះគ្នា មិនគិតប្រយោជន៍ផ្ទាល់ខ្លួន មិនយកប្រៀប​គ្នា  មានសេចក្តីស្មើភាពគ្នា អើពើគ្នាជានិច្ច ។
  5. សីលសាមញ្ញតា បានដល់ ការបដិបត្តិតាមច្បាប់ របៀប បទបញ្ជា  ឬ បទវិន័យផ្សេង ៗ  គោរពសិទ្ធិសេរីភាពរបស់បុគ្គល មិនអាចអំណាច ឬ អាងខ្នងណា ៗ ។  
  6. ទិដ្ឋិសាមញ្ញតា បានដល់ មានគំហើញស្របគ្នា គិតក្នុងគោលដៅដូចគ្នា សម្រួលជ្រុងគំនិតឲ្យត្រូវគ្នា ស្វែងរកចំណុចរួម និង​ រក្សាទុកចំណុចផ្សេងរបស់គ្នានិងគ្នា មិនប្រកាន់ខ្ជាប់តែគំហើញរបស់ខ្លួនជាធំ ចេះស្តាប់មតិយោបល់របស់អ្នកដទៃ ។
គោលធម៌ទាំង ៦ យ៉ាងខាងដើមជួយសាងសាមគ្គីភាពនិងស្ថេរភាពឲ្យកើតឡើងក្នុងសង្គមដែលជាហេតុនាំមកនូវសុខសន្តិភាព  ស្ថេរភាព និង​វឌ្ឍនភាពទាំងពួង  ។​

ប្រភពៈ khmerbuddhism Website  by Ven. Pirom

No comments:

រចនាដោយ កង ថាវ សុវណ្ណសាមភិក្ខុ | រក្សាសិទ្ធិ © ២០១៥~២០២២ ដោយ វត្តផុងភក្ដីវរារាម